ចាងហ្វាងផលិតកម្ម អិល ឌី លោក លៀក លីដា បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន ភ្ញៀវកិត្ដិយសជាតិ-អន្ដរជាតិ ព្រមទាំងតារាល្បីៗជាច្រើនដួង មុននឹងរឿងចាក់បញ្ចាំងថា បើទោះបីជារឿងនេះមានចំណងជើងថា “ប្រុសលក់ខ្លួន” ដែលស្ដាប់ទៅប្រហែលជាមានឈុតក្ដៅសាច់ ប៉ុន្ដែវាជាប្រភេទរឿងបែបកំប្លែង ពុំមានឈុតក្ដៅសាច់ ឬស្នេហាស៊ីជម្រៅនៅលើគ្រែរវាងបុរស និងស្ដ្រីនោះទេ។បន្ថែមពីនេះទៅទៀតលោក លៀក លីដា៖ “យើងបានប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈក្នុងការផលិតរឿង ហើយរឿងភាគច្រើនយើងគ្រោងរុញទៅក្រៅប្រទេសផង ដូច្នេះយើងមិនអាចបញ្ចូលឈុតក្ដៅសាច់អីទៅក្នុងហ្នឹងទេ ហើយម្យ៉ាងវាអាចប៉ះពាល់ដល់តម្លៃយើងផង។ ជាចុងក្រោយ ខ្ញុំសូមអគុណដល់ដៃគូសហការទាំងអស់ និងបងប្អូនដែលបានអញ្ជើញមកគាំទ្រយ៉ាងច្រើននៅថ្ងៃនេះ”។
សូមបញ្ជាក់ថា ខ្សែភាពយន្ដខ្នាតធំរឿង “ប្រុសលក់ខ្លួន” ឬRent Boy មានតារាសម្ដែងប្រុស-ស្រីពីប្រទេស វៀតណាម ថៃ កម្ពុជា និងប្រទេសភូមា ដោយបញ្ចូលសំឡេងជាភាសាខ្មែរ។ ខ្សែភាពយន្ដនេះ នឹងដាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ៕