ជំនួសមុខលោក លៀក លីដា ដែលជាចាងហ្វាងផលិតកម្ម អិល ឌី តែងតែមានវត្ដមាននៅលើឆាកក្នុងថ្ងៃសម្ពោធ ម្ចាស់ស្នាដៃ គឺលោក នួន ម៉ូលីន បានបញ្ជាក់យ៉ាងខ្លីថា ខ្សែភាពយន្ដនេះត្រូវបានលោកនិពន្ធឡើងដោយផ្នែកលើជំនឿរបស់បងប្អូនខ្មែរដែលមានគ្រូកំណើត ហើយមានមនុស្សមួយចំនួនធំក៏ធ្លាប់ឮ ឬបានដឹងពីគ្រូកំណើតរបស់មនុស្សយើងម្នាក់ដែរ។
ខ្សែភាពយន្ដ រឿង "ខ្មោចគ្រូកំណើត" ជាស្នាដៃនិពន្ធរបស់លោក នួន ម៉ូលីន ដែលជាអ្នកនិពន្ធវ័យក្មេងធ្លាប់បញ្ចេញស្នាដៃមួយចំនួនជាមួយផលិតកម្ម អិល ឌី។ រឿងរបស់លោកតែងតែទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ ទន្ទឹមគ្នានេះហ្វេនៗ និងអ្នកគាំទ្រវិស័យភាពយន្ដ ទន្ទឹងរង់ចាំទស្សនារឿងជាច្រើនទៀតរបស់ អិល ឌី ដូចជារឿង "ប្រវត្ដិស្នេហ៍នាងនាថ"ទាំងបីវគ្គ កំពុងដំណើរការថត បន្ទាប់ពីបញ្ចេញស្នាដៃរឿង "ខ្មោចគ្រូកំណើត"នេះទៅ៕